ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ចាត់ទុកការងារបណ្ដុះបណ្ដាលដល់យុវជន ជាការងារអាទិភាព ដើម្បីជំរុញឲ្យមានចំណេះដឹង និងជំនាញច្បាស់លាស់


ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមសមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានថ្លែងថា ការងារបណ្ដុះបណ្ដាលដល់យុវជន តាមបណ្ដាក្រុង ស្រុក ត្រូវចាត់ទុកជាការងារអាទិភាព ដើម្បីជំរុញយុវជនទាំងអស់ឲ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍ ខេត្តព្រៃវែង ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នៅថ្ងៃខាងមុខ។

ការថ្លែងលើកឡើងរបស់ឯកឧត្តម សួន សុម៉ាលីន យ៉ាងដូច្នេះខណៈដែលលោក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

ពិធីនេះមានការចូលរួមពី លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស ប្រធាន អនុប្រធានយុវជនគណបក្សក្រុង ស្រុក ប្រធាន អនុប្រធានសកម្មជនយុវជនមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សខេត្ត អនុប្រធាន ក្រុមការងារអប់រំនយោបាយ អនុប្រធាន ទទួលបន្ទុកការងារទិន្នន័យស្ថិតិយុវជន អនុប្រធាន យុវជន ទទួលបន្ទុកការងារបណ្ដុះបណ្ដាលកុំព្យូទ័រ ក្រុង ស្រុក ក្រុមគ្រូបង្រៀនកុំព្យូទ័រ និងសមាជិក សមាជិកាបក្សសរុបចំនួន៩៩រូប។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់យុវជនគណបក្ស ខេត្តព្រៃវែង។

ឯកឧត្តម បានបន្តថា ក្នុងនាមប្រធានយុវជនគណបក្សខេត្ត សូមកោតសរសើរចំពោះ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត លោក លោកស្រី ក្រុមគ្រូឧទ្ទេស ប្រធាន អនុប្រធាន យុវជនក្រុង ស្រុកទាំង១៣ និងសហការីទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។

ឯកឧត្តម សួន សុម៉ាលីន បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវខិតខំបំពេញការងារក្នុងឆ្នាំថ្មីនេះ ឲ្យទទួលបានលទ្ធផលល្អ និងភាពជោគជ័យជាបន្តបន្ទាប់លើកិច្ចការងារដែល លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងបានដាក់ជូនផងដែរ៕