អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវជាច្រើនខ្សែក្នុងក្រុងកំពង់ចាម កំពុងស្តារឡើងវិញយ៉ាងមមាញឹក អាចនឹងរួចរាល់មុនបុណ្យចូលឆ្នាំថ្មី


ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ខណៈដែលគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) បាកំពុងមានវឌ្ឍនភាព និងជិតរួចរាល់នោះ ខ្សែផ្លូវនានាក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលខូចខាតដោយកត្តាអាយុកាលនៃផ្លូវ និងខូចខាតដោយគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់​ ក្រុងកំពង់ចាមជាច្រើនខ្សែ កំពុងស្តារឡើងវិញយ៉ាងមមាញឹក ដោយខ្សែផ្លូវធំៗសំខាន់ៗមួយចំនួនធំ នឹងរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ផន រឹម បានបញ្ជាក់ទៀតថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់, ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សារធំ, ផ្លូវព្រះបាទជ័យរាជា(ក្នុងផ្សាររាត្រី), ផ្លវលេខ ៩០,ផ្លូវលេខ៥៥, ផ្លូវលេខ៧ចាស់D, ផ្លូវលេខ7ចាស់C, ផ្លូវលេខ៤៣, ផ្លូវលេខ៥១, ផ្លូវ​ព្រះបាទសូរិយាវរ័ន្មទី២ ជាដើម។

គួរបញ្ជាក់ថា មកទល់ពេលនេះគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ៨៥,៣៩គីឡូម៉ែត្រ ប្រព័ន្ធលូទឹកភ្លៀង​ ៤,១៧គីឡូម៉ែត្រ ព្រមទាំងស្ថានីយចម្រោះទឹកកខ្វក់សមត្ថភាព ៥ ០០០ម៣/ថ្ងៃ នៅក្រុងកំពង់ចាម សម្រេចលទ្ធផលជារួម៩០%ហើយ គម្រោងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦​ ខាងមុខនេះ៕