ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយកប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និងអតីតបុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០ នាក់ នៅអគារសាលកោះពេជ្រ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជាពិសេសផ្នែកទិន្នន័យដែលគិតមកដល់ពេលនេះ បុគ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួមយ៉ាងសកម្មក្នុងទីផ្សារការងារលើជំនាញនេះ ទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលដែលមាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលនិងការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
បន្ថែមលើនេះឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើជាគំរូក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងប្រតិបត្តិការផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនិងវិស័យឯកជន។ លើសពីនេះ រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចម្បងចំនួន ៣ រួមមាន (១) ការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលរដ្ឋាភិបាលឌីជីថល (២) ការរៀបចំច្បាប់និងគោលនយោបាយ និង (៣) ការអភិវឌ្ឍមូលធនមនុស្សឌីជីថលនិងការលើកស្ទួយអក្ខរកម្មឌីជីថល។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គការ DDD បន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធានធានមនុស្សលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកដល់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាប្រកបដោយភាពរស់រវើក៕











