ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំក្រុមការងារ ចុះពិនិត្យ និងសួរសុខទុក្ខ ព្រមទាំងពិនិត្យស្ថានភាពផលប៉ះពាល់មូលដ្ឋានសុខាភិបាល ដោយសារបញ្ហាព្រំដែន នៅមណ្ឌលសុខភាព ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តី បុគ្គលិកនៃមណ្ឌលសុខភាព ដែលមានការរីកចម្រើន ភាពនឹងនរ និងស្មារតីរឹងមាំ ជាពិសេសក្នុងអំឡុងពេលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ មានការសហការគ្នា សាមគ្គីគ្នា ក្នុងការបម្រើសេវាបានយ៉ាងល្អប្រសើរ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើងថា «ខ្ញុំសូមកោតសរសើរបងប្អូន មន្រ្តី បុគ្គលិកសុខាភិបាល នៃមណ្ឌលសុខភាពស្រអែម ដែលជានិច្ចកាលបានខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ តាមតម្រូវការប្រកបដោយភាពជាអ្នកដឹកនាំ និងមន្រ្តីបម្រើសេវាសាធារណៈ បានល្អប្រសើរ ប្រកបដោយការច្នៃប្រឌិតខ្ពស់»។
ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាព និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ៕






























