ឯកឧត្តម​ ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា


នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​ និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។ ឯកឧត្តម​រដ្ឋមន្ត្រី​ ​បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា​​រវាងកម្ពុជា និង​ឥណ្ឌា ដើម្បី​​អភិវឌ្ឍន៍​វិស័យធនធានទឹក និង​ឧតុនិយម​នៅកម្ពុជា។

ជាការឆ្លើយតប​ ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា​ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើន​ជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ ក៏​បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នារវាងឯកឧត្តម​ Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ និង​ឯកឧត្តម​ ប៊ុន ហ៊ាន​ រដ្ឋលេខាធិការ​ ក្រសួងធនធានទឹក និង​ឧតុនិយម​ ដែលនេះ​​​​ជាកិច្ចព្រមព្រៀង​ផ្តល់ជំនួយឥតសំណងចំនួន​ ៩៩២៥៥​ ដុល្លារអាម៉េរិក​ដល់កម្ពុជា​ ​លើគម្រោង​ពង្រឹងសមត្ថភាព​តាមដានអាកាសធាតុ​​ នៅ​ក្នុងខេត្តសៀមរាប ដើម្បី​ជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់៕