ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលសន្និសីទបូកគោ ខេត្តកំពត។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត, លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត, មន្ត្រីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ, ថ្នាក់ដឹកនាំក្រុង-ស្រុក, ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនសរុប២៨០នាក់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ស្របតាមក្របខ័ណ្ឌតួនាទី ភារកិច្ចដែលប្រគល់ជូន ដើម្បីសម្រេចបានតាមគោលដៅ នៃផែនការយុទ្ធសាស្ដ្ររបស់ក្រសួង និងឈានទៅសម្រេចចក្ខុវិស័យ នៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ គឺ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព»។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបានឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការចូលរួមឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ បញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយផ្តោតលើកម្មវិធីទាំង៥ ដូចខាងក្រោម៖
(១)៖ ការអភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ប្រកបដោយភាពធន់ តាមរយៈការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទ ឱ្យមាននិរន្តរភាពដើម្បីតភ្ជាប់ និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទីក្រុង និងតំបន់តាមបណ្ដោយព្រំដែន ផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជា មូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទ។
(២)៖ ការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ទាំងកម្រិតមូលដ្ឋាន និងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់និងបរិយាបន្ន តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ ទឹកស្អាតជនបទ និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជួយឱ្យប្រជាជនជៀសផុតពីជំងឺឆ្លងផ្សេងៗ មានសុខភាពល្អ រស់នៅក្នុងបរិស្ថានល្អ មានអាយុសង្ឃឹមរស់ជាមធ្យមកាន់តែវែង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប និងក្លាយជាធនធានមនុស្សប្រកបដោយសុខភាពល្អ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
(៣)៖ ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះ និងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន
តាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះ និងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ រួមទាំងសហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីកសាងមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យតំបន់ជនបទ មានការរីកចម្រើនប្រកបដោយភាពស៊ីវីល័យ និងសេចក្ដីថ្លៃថ្នូរតជំនាន់ទៅអនាគត។
(៤)៖ ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ ប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាល បច្ចេកទេស ជំនាញវិជ្ជាជីវៈ ជំនាញបំណិនជីវិតសហគ្រិនភាព ដើម្បីបង្កើតមុខរបរ ទីផ្សារ ឱកាសការងារ និងកំណើនប្រាក់ចំណូលគ្រួសារ ព្រមទាំងកាត់បន្ថយ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន។
(៥)៖ ការលើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ តាមរយៈ ការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ដើម្បីចូល រួមអនុវត្តកម្មវិធី កំណែទម្រង់នានា របស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពក្នុងការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព សហប្រតិបត្តិការ និង អភិបាលកិច្ចល្អ សំដៅគ្រប់គ្រង និងអនុវត្តផែនការថវិកា នៃកម្មវិធីអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព៕




























