អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលពង្រីកផ្លូវខេត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់តាមដងផ្លូវ បញ្ឈប់ការរំលោភបំពានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិ


ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានជួសជុលពង្រីកទទឹងផ្លូវ ខេត្តលេខ១៥៧១ និងក្រាលកម្រាលកៅស៊ូ DBST​ បន្ថែមពីលើ (Reseal) ប្រវែង២,០០០ម៉ែត្រ និងមានទទឹង ១០ម៉ែត្រ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានជំរុញឱ្យអាជ្ញាធរភូមិ ឃុំត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ ដើម្បីលើកសោភ័ណភាព ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកាន់តែរីកចម្រើន សម្រាប់កូនចៅជំនាន់ក្រោយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តាមដងផ្លូវទាំងអស់ សូមបញ្ឈប់ការរំលោភបំពានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិ ដើម្បីសាងសង់សំណង់រឹងផ្សេងៗដោយខុសច្បាប់។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានបន្តក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ អំពីបញ្ហាអនាម័យបរិស្ថាន ហាមឃាត់ដាត់ខាតការដុតសំរាមកាកសំណល់គ្រប់ប្រភេទ ត្រូវចេះវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចេះកែច្នៃកាកសំណល់ជុំវិញផ្ទះជាជីកំប៉ុស្ត អាចប្រើប្រាស់បានឡើងវិញតាមលទ្ធភាព។

ឯកឧត្តមបានណែនាំប្រជាពលរដ្ឋ កាត់បន្ថយការចាក់គ្រឿងរំពងសំឡេងឮខ្លាំង រំខានការរស់នៅដល់អ្នកជិតខាង និងភ្ញៀវទេសចរ ព្រមទាំងអប់រំកូនចៅឱ្យចៀឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍៕