ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី, លោកសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។
ជាបឋម អង្គភាពប្រតិបត្តិបានបង្ហាញជូនអង្គប្រជុំក្រុមប្រឹក្សាបរធនបាលថា ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ, មូលនិធិគន្ធបុប្ផាកម្ពុជាមានចំណូលសរុបចំនួនជាង ២៩ លានដុល្លារអាម៉េរិក ឬកើនឡើង៦% បើធៀបនឹងឆ្នាំ២០២៤ ដែលចំណូលនេះទទួលបានពីប្រភពសំខាន់ៗ ដូចជាវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា, ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ការបរិច្ចាគរបស់សប្បុរសជនជាង ៤០ម៉ឺននាក់ និងចំណូលផ្សេងៗទៀត ជាពិសេសចំណូលដែលទទួលបាន ពីការបរិច្ចាគ ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥។
ស្របពេលជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាជាបន្តបន្ទាប់ចំនួនជាង ១២លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើថវិកាចំនួន ១០លានដុល្លារអាម៉េរិក ដែលរាជរដ្ឋាភិបាលផ្ដល់ជូនតាមរយៈក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីគាំទ្រប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
បន្ទាប់មក, អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តោតលើចង្កោមសកម្មភាពសំខាន់ៗចំនួន ៤ រួមមានការកៀរគរថវិកា និងសហការជាមួយក្រសួង-ស្ថាប័នផ្សេងៗ, ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ, ការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថល (គេហទំព័រ និង App), និងកម្មវិធីរម្លឹកឱ្យមានការបន្តចូលរួមបរិច្ចាគ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត។
ក្រុមប្រឹក្សាបរធនបាល ក៏បានគាំទ្របេសកកម្មរបស់ក្រុមការងារ ក្នុងការជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសហគមន៍ខ្មែរនៅបរទេសបន្តទៀត ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងបំផុសចលនាកៀរគរថវិកាបរិច្ចាគ ព្រមទាំងជំរុញឱ្យបន្តកិច្ចសហការជាមួយគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យបានកាន់តែសកម្ម និងទៀងទាត់ផងដែរ។
អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍លទ្ធផល ឆ្នាំ២០២៥ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងនោះមន្ទីរពេទ្យ បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ សរុបចំនួនជាង១.៤លានករណី ដែលក្នុងនេះរួមមាន៖
* ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ១ ០៧១ ៦៣៧ ករណី
* ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ២៣៣ ២៤៣ នាក់
* កុមារឆ្លងជំងឺគ្រុនឈាម ចំនួន ២២ ៩៨២ នាក់
* កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ ចំនួន ៣៤ ៨៨៩ នាក់
* កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ១ ១៦៣ នាក់
* ស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប ចំនួន ១០៨ ១៣៤ ករណី និងសម្រាលកូន ចំនួន ២៥ ៧៣៦ នាក់។
ជាមួយនឹងលទ្ធផលខាងលើ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចខិតខំបំពេញភារកិច្ចតាមមុខងាររៀងៗខ្លួន ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ព្រមទាំងសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕











