នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពេីពុករលួយ នៃព្រឹទ្ធសភា និងរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈប្រតិភូ ដើម្បីសិក្សាឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានានៃការអនុវត្តច្បាប់ស្តីពី “ការប្រឆាំងអំពើពុករលួយ” ។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី១០ នៃព្រឹទ្ធសភា លោក លោស្រីអភិបាលរងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក អភិបាលរងក្រុងស្វាយរៀង លោកស្រីចៅសង្កាត់ស្វាយរៀង លោក លោកស្រី នាយកទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
















