លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់ នៅគេហដ្ឋានរបស់សព នាខេត្តរតនគិរី


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់ ដែលប្រារព្ធនៅគេហដ្ឋានរបស់សព នាខេត្តរតនគិរី។

ក្នុងវេលាដ៏ក្រៀមក្រំ និងក្តីអាឡោះអាឡ័យជាពន់ពេកនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានគូសរម្លឹកថា រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជា ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ៕