ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា កោតសរសើរពីវីរភាពរបស់មន្រ្តីសុខាភិបាលទាំងអស់ ដែលពួតដៃគ្នាក្នុងឆន្ទៈដ៏មោះមុត បម្រើសេវាជូនប្រជាជន ពិសេសនៅតាមបន្ទាត់ខេត្តជាប់ព្រំដែន


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងការគោរពអរគុណ និងកោតសរសើរជាខ្លាំងចំពោះវីរភាពរបស់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងមោះមុត បម្រើសេវាសុខាភិបាលជូនប្រជាជន ពិសេសក្នុងអំឡុងមានបញ្ហាតាមបន្ទាត់ព្រំដែន ដែលប្រឹងប្រែងតស៊ូមិនរត់ចោលប្រជាជនទោះក្នុងកាលៈទេសៈដ៏លំបាកមួយនេះ មានតែខិតខំស្វះស្វែងលើសទ្វេ គឺប្រជាជនជម្លៀសដល់ទីណា ក្រុមគ្រូពេទ្យតាមបម្រើសេវាដល់ទីនោះគ្មានការរុករាន។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣០៨៦រូប ។

ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរៀបរាប់ពីដំណើរចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពសេវាសុខាភិបាល នៅក្រោយសង្គ្រាមក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ តាងនាមឱ្យស្ថាប័នសុខាភិបាល លោកសាស្ត្រាចារ្យ មានមោទនភាពចំពោះវីរភាព របស់បុគ្គលិកសុខាភិបាលទាំងអស់ ដែលនៅបន្តការងារបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ២៤ម៉ោង នៅតាមទីសុវត្ថិភាពចាប់ពីថ្ងៃសង្គ្រាមចាប់ផ្តើម រហូតដល់ពេលនេះដោយមិនរាថយ។ ការប្រយុទ្ធបានស្ងប់ស្ងាត់បន្តិច តែស្ថានភាពគំរាមកំហែងនៅតែមានជារៀងរាល់ថ្ងៃ នៅចំពោះមុខស្ថានភាពបែបនេះ បុគ្គលិកសុខាភិបាល នៅតែក្លាហានបន្តការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្នាមញញឹម។ ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏នៅតែជំរុញលើកទឹកចិត្ដដល់បុគ្គលិកសុខាភិបាលទាំងអស់ បន្តការងារវីរៈភាពនេះកាន់តែជាគំរូ និងយូរអង្វែង។

ទន្ទឹមនឹងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទស្តីពីបែបបទនៃការដឹកនាំមានប្រសិទិ្ធភាព ដែលកើតចេញពីការងារជាក់ស្តែង ដោយមានមូលហេតុជាច្រើន ធ្វើឱ្យការដឹកនាំដែលកើតចេញពីបទពិសោធន៍ជាក់ស្តែងមានប្រសិទ្ធិភាព រួមមាន៖

១៖ ការដឹកនាំពិតប្រាកដ ត្រូវធ្វើនៅលើបរិបទជាក់ស្តែងដែលមានកត្តាប្រឈមផ្សេងៗ ហើយយើងត្រូវការយកចិត្តទុកដាក់ដោះស្រាយឱ្យមានភាពប្រទាក់ក្រឡាគ្នា

២៖ ធាតុផ្សំដែលធ្វើឱ្យការដឹកនាំមានប្រសិទ្ធិភាព មិនមែននៅខាងក្រៅខ្លួនបុគ្គលទេ តែជាការតាំងចិត្ត និងប្រវត្តិនៃការងាររបស់បុគ្គលនោះ

៣៖ មេរៀនដែលមានតម្លៃ ជាមេរៀនកើតចេញពីបទពិសោធន៍ការងារដែលបុគ្គលផ្ទាល់បានជួបប្រទះ ឬពីបុគ្គលផ្សេងដែលបានចែករំលែក និងជាពិសេសជាមេរៀនដែលកើតចេញពីការបរាជ័យកន្លងមក និង

៤៖ គុណភាពរបស់អ្នកដឹកនាំ មិនមែនកើតមានពេលដែលទទួលបានលិខិតចាត់តាំងប្រគល់តួនាទីទេ តែគុណភាពដឹកនាំកើតឡើងដោយសារបុគ្គលអាចប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន និងអាចទាញយកបទពិសោធន៍ថ្មីៗ ពីការងារបន្ថែមទៀត ព្រមទាំងអាចពង្រើកបទពិសោធន៍ ជាមួយក្រុមការងារតាមរយៈការចែករំលែក និងបង្ហាត់បង្ហាញជាប្រចាំ៕