នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាសមាជិករដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីចែកកញ្ចប់អាហារម៉ាឌនចំនួន ៤៥០កញ្ចប់ និងផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋខ្វះខាត នៅខេត្តកំពត ដោយអំណោយនេះ ទទួលបានពីសប្បុរសជនសឹង្ហបុរីតាមរយៈគ្លីនិកមើត ឌុលសេត ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្តកំពត និងអាជ្ញាធរមូលដ្ឋានផងដែរ។
ថ្លែងនាឱកាសសំណេះសំណាល ឯកឧត្តម រ៉ូហ្វី អូស្មាន សម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសប្បុរសជនសឹង្ហបុរី ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងខេត្តកំពត តាមរយៈគ្លីនិកមើត ឌុលសេត។ ជាមួយគ្នាដែរ ឯកឧត្តមបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃ និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។
ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងរីកចម្រើនលើគ្រប់វិស័យ ធានាបាននូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជាផងដែរ។
ជាចុងក្រោយឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមពិនិត្យឱ្យបានច្បាស់មុននឹងជឿ ឬចែករំលែកព័ត៌មានផ្សេងៗ ជាពិសេសរឿងរ៉ាវពាក់ព័ន្ធនឹងព្រំដែន ហើយត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមថែរក្សាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ ព្រោះវាមានតម្លៃណាស់៕


