(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ រួមមាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានី–ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស ដែលបានអនុវត្តតួនាទីភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាព ក្នុងការរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការបន្តពង្រឹងការបង្ក្រាបឲ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្ស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើ អាក្រក់ចេញពីប្រទេសឲ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង» ព្រមទាំងបានព្រមានអនុវត្តវិធានការដ៏តឹងរឹង ដោយគ្មានការលើកលែង ចំពោះមន្ត្រីណាដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការណែនាំអាទិភាពជូនអង្គសន្និបាត រួមមាន ការបន្តគាំពារ និងផ្តល់ជំនួយដល់ពលរដ្ឋភៀសសឹកដែលរងគ្រោះ បន្តផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងធ្វើទំនើបកម្មស្ថាប័នតាមបរិបទឌីជីថល ពង្រឹងគុណភាពសេវាសាធារណៈ និងបន្តអនុវត្តគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព» ដើម្បីធានាការអនុវត្តទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ឲ្យទទួលបានជោគជ័យ៕













































