ឯកឧត្តម តូ ឡឹម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម​ នាពេល​បច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈ​ពេលមួយថ្ងៃ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។

ក្រសួងបានឱ្យដឹងទៀតថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូង សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តមអគ្គលេខាធិការបក្ស តូឡឹម ចូលគាល់​ដើម្បី​ធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយស​ជូនលោក​អគ្គ​លេខា​ធិការបក្សនៅព្រះបរមរាជវាំង។

ជាមួយគ្នានេះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តម តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅ​ព្រះ​រាជ​ដំណាក់ផងដែរ ។

ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។

ឯកឧត្តម តូ ឡឹម ក៏នឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន
ព្រឹទ្ធសភាកម្ពុជា។ ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខណ្ឌបក្សនយោបាយផងដែរ។

ក្នុងក្របខណ្ឌបក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគី​រវាងសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។

បន្ថែមពីលើនោះ ឯកឧត្តម តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជា​អធិប​តី​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមអគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេស​កម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ​កិច្ច​សហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជា​អ្នក​ជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរ​អង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕