ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ​មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង​ចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ត្រូវជា ៥៥,៥០ភាគរយ, បេក្ខជន​បាន​មកប្រឡងចំនួន ១៤៤,៨៣៨នាក់ (ស្រី ៨០,៦៩៦នាក់) ត្រូវជា ៥៥,៧១ភាពរយ។ បេក្ខជនបានប្រឡងជាប់សរុប ១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង ៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមក ប្រឡងសរុប។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងគុណភាពវិស័យអប់រំ​កម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធ​សាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមាន​ចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេក​ទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន, ទាំងបរិមាណ និងគុណភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វឌ្ឍនភាព នៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ, ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសដែលមានការ-អភិវឌ្ឍឆាប់រហ័ស, ទាំងផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បី​បណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យម​សិក្សាទុតិយភូមិ និងរៀបចំឱ្យមានការគាំទ្រ ចំពោះមុខដល់សិស្សរៀនពូកែដែល​កំពុង​ជួបបញ្ហា, ទាំងក្នុងការរស់នៅ និងការរៀនសូត្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការតម្រង់ទិសសិក្សា ដើម្បីឱ្យ​សិស្ស​ពូកែរបស់យើងឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តា​គ្រឹះស្ថានឧត្តមសិក្សាឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនាគតប្រទេសជាតិ ត្រូវផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានរៀបចំតម្រង់ទិសការអប់រំដល់សិស្ស រួមមានជំនាញវិជ្ជាជីវៈផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់សិស្សជាប់និទ្ទេស A ទាំងអស់ សូមបន្តខិតខំរៀនសូត្រ, ស្រាវជ្រាវ, និងកសាងខ្លួន ឱ្យក្លាយជាយុវជនឆ្នើម ជាពលរដ្ឋ​ឆ្នើម ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងស្វែងរកកិត្តិយសថ្មីៗទៀត ជូនជាតិមាតុភូមិ នៅពេលបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងកម្រិតក្រោយៗទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ និងធានាប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាផ្នែក គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង ភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សា ពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារ បានសិក្សាយ៉ាងតិច៩ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត និងអនាម័យល្អ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នាជួយដល់ជាតិក្នុងពេលមានសង្គ្រាមឈ្លានពាន បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីដ៏ខ្លាំងក្លា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការដ៏អាទិភាពរបស់រាជរដ្ឋាភិបាល គឺទឹកដី និងប្រជាជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជួយដល់ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងពេលមានសង្គ្រាមឈ្លានពាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១០នាទី ប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។ តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដីទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់វិធីសាស្ត្រទាំងឡាយ ដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើសយកវិធីសាស្ត្រនោះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមការយោគយល់ដែលរាជរដ្ឋាភិបាល​មិន​អាច​បង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហាជម្លោះទឹកដីជាមួយថៃ។ តែរាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងដោះស្រាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះធ្វើឱ្យយើងដួលនោះទេ។ ត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។