ឧបនាយករដ្ឋមន្រ្តី​ អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗបន្ថែម ពីដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម និងវែងរបស់កម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី និងការចាប់ផ្តើមបំពេញភារកិច្ចជាផ្លូវការនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន និងបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ សំដៅឆ្លើយតបឱ្យចំអាទិភាព និងទាន់ពេលទៅនឹងតម្រូវការ ចាំបាច់បន្ទាន់ចំពោះមុខ ជាពិសេសសម្រាប់ពលរដ្ឋភៀសសឹកខ្មែរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃ ដែលបានវិលត្រលប់មកកម្ពុជាវិញ ក៏ដូចជា តម្រូវការអភិវឌ្ឍន៍សម្រាប់រយៈមធ្យម និងវែងរបស់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូនអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម និងកិច្ចអន្តរាគមរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងដាក់ចេញក្រោមក្របខ័ណ្ឌ កម្មវិធីគាំពារសង្គម និងវិធានការដោះស្រាយបន្ទាន់ជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។

ជនភៀសសឹកប្រមាណជាង ៤,០០០ គ្រួសារទៀត ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន រាជរដ្ឋាភិបាល កំពុងផ្តោតលើការរៀបចំប្រែក្លាយជំរំទៅជាជម្រកបណ្តោះអាសន្ន និងរៀបចំសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ ជាមួយនឹងការជំរុញការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗទៀតសម្រាប់ការគាំទ្ររយៈពេលមធ្យម និងវែង ដើម្បីឈានទៅស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់។ រាជរដ្ឋាភិបាលក៏បានទទួលជំនួយមនុស្សធម៌ និងហិរញ្ញប្បទានឥតសំណងពីមិត្តចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាល គ្រោងនឹងប្រើប្រាស់ជំនួយនេះ សម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្គ្រាមឡើងវិញក្នុងពេលខាងមុខនេះ។

ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃហើយវិលត្រលប់មកកម្ពុជាវិញជាង១លាននាក់, រាជរដ្ឋាភិបាល បាននិងកំពុងបន្តជួយពលរដ្ឋរកការងារ ធ្វើក្នុងស្រុកឱ្យបានឆាប់តាមរយៈការផ្គូរផ្គង, កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែមទាំង Up-Skilling និង Re-Skilling, ការបង្កើតមុខរបរខ្នាតតូច, រួមទាំងកម្មវិធីជំនួយជាច្រើនផ្សេងទៀត ក្នុងការគាំទ្រ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗ បន្ថែមពីដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម និងវែងរបស់កម្ពុជា និងបានស្នើសុំទីភ្នាក់ងារ អង្គការសហប្រជាជាតិ ជាពិសេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme – UNDP) បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួន សម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច, ការពង្រឹងប្រព័ន្ធគាំពារសង្គម, ការរៀបចំក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ កៀរគរធនធានពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សម្រាប់ចក្ខុវិស័យរយៈពេលវែង។

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ អគ្គបណ្ឌិតសភាចារ្យ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបញ្ជាក់ថា អង្គការសហប្រជាជាតិ, តាមរយៈ UNDP, ត្រៀមខ្លួនជានិច្ចក្នុងការបន្តផ្តល់ការគាំទ្រដល់របៀបវារៈអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ជាមួយនឹងការបន្តកិច្ចសន្ទនាគោលនយោបាយ សំដៅជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី នឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការកៀរគរជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេស ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋភៀសសឹក និងពលរដ្ឋដែលត្រលប់មកពីប្រទេសថៃវិញផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានជូនពរឱ្យលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា និងសហការីបំពេញបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ៕