ឯកឧត្តម រ៉ូហ្វី អូស្មាន អញ្ជើញចែកកញ្ចប់អាហាររ៉ម៉ាឌនចំនួន ៥០០ កញ្ចប់ ជូនសាសនិកឥស្លាម ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់


នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកកញ្ចប់អាហារម៉ាឌនចំនួន ៥០០ កញ្ចប់ ជូនសាសនិកឥស្លាម ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ដោយអំណោយនេះ ទទួលបានពីអង្គការអន្តរជាតិ HASENE នៃប្រទេសអាល្លឺម៉ង់។ ថ្លែងនាឱកាសសំណេះសំណាល ឯកឧត្តម រ៉ូហ្វី អូស្មាន បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិ HASENE ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងសហគមន៍ឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ។ ជាមួយគ្នាដែរ ឯកឧត្តមបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ ឯកឧត្តម បានមានប្រសាសន៍រំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងរីកចម្រើនលើគ្រប់វិស័យ ធានាបាននូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះឡើយ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។ គួរឲ្យដឹងថា អង្គការអន្តរជាតិ HASENE បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និងអង្គការសមាគមផ្សេងទៀតនៅកម្ពុជា ដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាគ ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម ជាដើម៕