ការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ គឺកម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវបោសសម្អាតមេ SCAME ឱ្យ អស់ពីក្នុងមូលដ្ឋាន។ នេះជាការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១កុម្ភៈ២០២៦ នេះនៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវរួមគ្នាសម្អាតមេSCAMERឱ្យអស់ផងដែរ។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែ ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅ រាជធានីភ្នំពេញ ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។
អភិបាលរាជធានីបាន បញ្ជាក់ច្បាស់ថា៖ ពេលនេះជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ ស។ ប៉ុន្តែមិនមែន មានន័យថា យើងបោះចោលការងារផ្សេង មកធ្វើ តែ រឿង មួយនេះទេ ដូចនេះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង កិច្ចការ ផ្តល់ សេវា សាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ក៏ត្រូវ ពង្រឹង ផងដែរ មិនត្រូវ ធ្វេសប្រហែស ជាដាច់ខាត ។ ក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យ ឱ្យដូចភ្លៀងរលឹម ជាមួយនិងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខ៕







