កិច្ចប្រជុំពិភាក្សាករណីសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំងដីអាងទឹក និងព្រែកចំនួន ១២ទីតាំង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦​នេះ​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំងដីអាងទឹក និងព្រែកចំនួន ១២ទីតាំង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម​ លោកជំទាវរដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការក្រសួងស្ថាប័នពាក់ព័ន្ធ​ និងគណៈប្រតិភូអមដំណេីរ​ លោកអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេ​ត្ត​ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្តីទី​ លោកអភិបាលរងក្រុង ស្រុកទាំង៨​ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីជំនាញ​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល​ក្រុង ស្រុកទាំង៨​ និងលោក​ លោកស្រីមេឃុំ​ ចៅសង្កាត់ដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលេីខ្លឹមសារសំខាន់ៗដែលមន្ទីរជំនាញពាក់ព័ន្ធបានធ្វេីការរួមគ្នាកំណត់ការវាស់វែងកន្លងមក​ដោយផ្តោតលើទិដ្ឋភាពជាក់ស្តែងទៅតាមទីតាំងភូមិសាស្ត្រនៃផ្ទៃអាងទឹក ទន្លេ ព្រែក អូរ ប្រឡាយ បឹងបួរ និងការកាត់ឆ្វៀលជូនដល់ប្រជាពលរដ្ឋ​ ដេីម្បីរក្សាបាននូវផលប្រយោជន៍រួមទៅថ្ងៃអនាគត​ក្រោយពេលពិនិត្យលទ្ធភាពជីកស្តារឡេីងវិញ និងជួយបង្កេីននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ខេត្តស្វាយរៀងទៅថ្ងៃអនាគតសម្រាប់ប្រជាពលរដ្ឋនិងដល់កូនចៅជំនាន់ក្រោយ​ ជាពិសេសកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដីដែលជាទ្រព្យសម្បត្តិរដ្ឋ​ ធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹកដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម​ ថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម។

សូមជម្រាបថា អាងទឹក និងព្រែកទាំង ១២ ទីតាំង មានផ្ទៃដីសរុបទំហំ ៦ ២៣៥,៩៣ ហិកតា។ កន្លងមកមានការកាត់ឆ្វៀលចេញពីអាងទឹកនូវក្បាលដីដែលបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនិងចេញបណ្ណកម្មសិទ្ធិរួច មានផ្ទៃដី សរុបទំហំ ៣២,១៧ ហិកតា និងកាត់ហេដ្ឋារចនាសម្ព័ន្ធ មានផ្ទៃដីសរុបទំហំ ៤៣,៤១ ហិកតា គណៈកម្មាធិការអាងទន្លេខេត្តស្វាយរៀង បានស្នើសុំកាត់ឆ្វៀលក្បាលដីអាស្រ័យផលចំនួន ៨៥៥ ក្បាលដី ទំហំសរុប ៣៧២,២១ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៨៥៥ គ្រួសារ និង រក្សាទុកផ្ទៃអាងទឹក និងព្រែក ទំហំសរុប ៥ ៧៨៨,១៤ ហិកតា ចុះបញ្ជីជូនក្រសួងធនធានទឹក និងឧតុនិយម៕