កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការគណបក្សឃុំព្រៃក្រសាំង និងប្រកាសបញ្ជូលសមាជិកគណបក្សថ្មី មកពីឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ការអញ្ជើញចូលរួមមានវត្តមាននៃកម្មវិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ សមាជិកថ្មីសរុប ៣១៧ នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្សឃុំភ្នំតូច ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំភ្នំតូច ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលរយៈពេល ៤៧ចុងក្រោយនេះ ក្រោមការដឹកនាំរបស់គណបក្ស ប្រទេសជាតិបានវិទទំព័រខ្មៅងងឹតនៃការសង្រ្គាម មានការអភិវឌ្ឍលើគ្រប់វិស័យ និងជាពិសេសគឺបានធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែរីកចម្រើនជាលំដាប់។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា នៅពេលដែលបងប្អូនជួបប្រទះការលំបាក ឬវិបត្តិផ្សេងៗ គឺគណបក្សតែងតែមានវត្តមានក្បែរបងប្អូនជានិច្ច។
នាចុងបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើសូមឱ្យសមាជិក សមាជិកាទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត រួមមាន ទៅចុះឈ្មោះបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះ និងត្រៀមឯកសារចាំបាច់នានា ក៏ដូចជាចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សនាពេលខាងមុខផងដែរ។


