(ភ្នំពេញ)៖ ក្រោយពីបញ្ចប់កម្មវិធីប្រគល់ទទួល នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន១២៥០កញ្ចប់ ជូនសាសនិកឥស្លាមនៅសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ពិធីនេះ ត្រូវបានរៀបចំឡើង នៅវិហារឥស្លាមគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ក្រោមជំនួយពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief)។
ក្នុងឱកាសមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏ដូចជាអង្គការសមាគមនានារបស់ប្រទេសនេះតែងតែផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់សហគមន៍ឥស្លាមកម្ពុជា។ ក្រៅពីប្រទេសអារ៉ាប៊ីសាអូឌីត ក៏មានបណ្តាប្រទេសឥស្លាមផ្សេងៗទៀតផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា អំណោយដែលផ្តល់ជូននាពេលនេះមិន អាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនាមបងប្អូនឥស្លាមដូចគ្នា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត(KSRelief) ដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាជនកម្ពុជា។
ឯកឧត្តមបន្តថានេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗដល់បងប្អូនដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកឥស្លាម និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក។ ឯកឧត្តម បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។
ទន្ទឹមគ្នាដែរ លោកក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជា។
ចំណែកឯកឧត្តម អាប់ឌុលឡោះ អាប់ឌុលអាហ្សីស អាល់ហ៊ូហ្សាន ភារធារី នៃស្ថានទូត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា បានថ្លែងថា នេះគឺជាអំណោយមួយក្នុងចំណោមអំណោយជាច្រើនដែលផ្តល់ដោយ មជ្ឈមណ្ឌលស្តេចសាល់ម៉ាន ដើម្បីជួយដល់ការងារមនុស្សធម៌ ហើយនឹងមានគម្រោងផ្សេងៗទៀត ដូចជាការចែកផ្លែល្មើ និងកម្មវិធីមនុស្សធម៌ជាច្រើនទៀត ដើម្បីគាំទ្រដល់សហគមន៍ឥស្លាមកម្ពុជា។
សូមជម្រាបជូនថា ក្នុង១កញ្ចប់អាហារខាងលើ មានគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ ២៥គីឡូ ឥណ្ឌូមី ១កេស ប្រេងឆា ២លីត្រ ស្ករស ២គក អំបិល ១គក ត្រីខ១០ កំប៉ុង ទឹកត្រី ៣ដប និងទឹកស៉ីអ៊ីវ ៣ដប៕






















