លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារបេសកកម្មរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការអនុវត្តសកម្មភាពគោលនយោបាយ ដែលជាជំនួយបច្ចេកទេសរបស់ ADB ក្រោមអនុកម្មវិធីទី៣ នៃកម្មវិធីពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្ម (Trade and Competitiveness Program)។
កិច្ចពិភាក្សា ដែលបានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្តោតលើការជំរុញការបង្កើតបទបញ្ញត្តិថ្មីក្នុងការអនុវត្តច្បាប់ពាណិជ្ជកម្មចំនួនបី រួមមាន៖ ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ច្បាប់វិធានដើមកំណើតទំនិញ និងច្បាប់ឧបាស្រ័យពាណិជ្ជកម្ម។
កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេសបន្ថែម និងលទ្ធភាពក្នុងការបន្តរៀបចំនូវកម្មវិធីជំនួយថ្មីរបស់ ADB បន្ទាប់ពីអនុកម្មវិធីទី៣ ត្រូវបញ្ចប់ជាស្ថាពរ ដើម្បីធានានូវចីរភាពនៃកំណើនពាណិជ្ជកម្ម និងភាពប្រកួតប្រជែងពាណិជ្ជកម្មកម្ពុជា៕




