ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន អញ្ជើញប្រគេន ប្រគល់សញ្ញាបត្រជូនសមាណនិស្សិត និស្សិត និងសម្ពោធអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វត្តសុទស្សនារាម


(កំពង់ចាម)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេន ប្រគល់សញ្ញាបត្រជូនសមាណនិស្សិត និស្សិត និងសម្ពោធអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វត្តសុទស្សនារាម ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេន និងជូនអង្គពិធីទាំងអស់។ ឯកឧត្តមក៏បានឯកភាព និងកោតសរសើរចំពោះសមិទ្ធផលដែលសម្រេចតាមរយៈការបង្ហាញរបាយការណ៍ដោយ ព្រះសោមវទីបណ្ឌិត អ៊ឹម សុភក្ដិ ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វត្តសុទស្សនារាម។

ឯកឧត្តមសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី បានរំលឹកថា ពុទ្ធិកសាកលវិទ្យាល័យនេះ គឺមានសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ដែលជាស្ថានិក។ បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យនេះ មានគណៈគ្រប់គ្រង បុគ្គលិកចំនួន៥០នាក់, ព្រះគរុគ្រូ និងគ្រូ ចំនួន៨៤អង្គ/នាក់, សមណនិស្សិត/និស្សិត ចំនួន១,២៤៣អង្គ/នាក់ និងអ្នកដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះ ចំនួន៤១៣អង្គ/នាក់។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានគូសបញ្ជាក់អំពីតួនាទីព្រះពុទ្ធសាសនា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលអប់រំ តាមរមរយៈការទេសនាពន្យល់ អប់រំសីលធម៌ ផ្ដល់កន្លែងអប់រំសាលាគ្រប់កម្រិត ព្យាបាលផ្លូវកាយ ផ្លូវចិត្ត និងជួយលើវិស័យអាណាចក្រ។

បន្ថែមពីនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានផ្ដល់អនុសាសន៍ជូនចំពោះបេក្ខជនជ័យលាភីទទួលសញ្ញាបត្រ ត្រូវប្រើប្រាស់ចំណេះដឹងដែលទទួលបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ, បន្ដចែករំលែកចំណេះដឹង អប់រំដល់យុវជនជំនាន់ក្រោយ, បន្ដគោរពប្រណិបត៌ខ្ជាប់ខ្ជួន ធម៌វិន័យ តាមគោលការណ៍ព្រះពុទ្ធសាសនា និងពិនិត្យលទ្ធភាពបន្ដការសិក្សាបន្ថែម តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺ «រៀនពេញមួយជីវិត»

សម្រាប់ពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វត្តសុទស្សនារាម សូមបន្ដបេសកកម្មវិស័យអប់រំ ដែលជាការចូលរួមចំណែកកសាងធនធានមនុស្សចំពោះសង្គមជាតិ។ ឯកឧត្តមក៏បានស្នើសុំព្រះសង្ឃ និងពុទ្ធិកសាកលវិទ្យាល័យ ត្រូវចូលរួមអប់រំ ទេសនាបញ្ហាសង្គម ដូចជា បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសង និងសីលធម៌ គុណធម៌ ដល់ការរស់នៅក្នុងសង្គមផងដែរ។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានណែនាំដល់គណៈអភិបាលខេត្តកំពង់ចាម ត្រូវបន្ដយកចិត្តទុកដាក់ ចំពោះពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វត្តសុទស្សនារាម និងទីវត្តអារាមនៅក្នុងខេត្ត។ ក្នុងនោះត្រូវចូលរួមកៀរគរថវិកា បច្ច័យ ដើម្បីជួយកសាងអគារសិក្សា និងបណ្ណាល័យជាដើម។ លើសពីនេះ ត្រូវបន្ដចិត្តទុកដាក់លើបញ្ហាសន្ដិសុខ សុវត្ថិភាព អនុវត្តគោលនយោនបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ព្រមទាំងដោះស្រាយ អន្ដរាគមន៍ឲ្យបានទាន់ពេលវេលារាល់បញ្ហានៅក្នុងមូលដ្ឋាន៕