(ញ៉ូវដែលី, ឥណ្ឌា)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ដែលដឹកនាំដោយឯកឧត្តម Chetan Bijesure អគ្គលេខាធិការរងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា។
នៅក្នុងជំនួបនេះ សមាជិក FICCI បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌា ជាយន្តការដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាជិក FICCI បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ព្រមទាំងសហការជិតស្និតជាមួយនឹងវិស័យឯកជនកម្ពុជាដែលជាដៃគូ ដើម្បីលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាំងពីរ។
សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាជាស្ថាប័នដែលបង្កើតឡើងតាំងពីឆ្នាំ១៩២៧ តំណាងឱ្យសម្លេងរបស់ធុរកិច្ច និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា ដែលមានសមាជិកប្រមាណ ២៥០ ០០០ ក្រុមហ៊ុនមកវិស័យឯកជន និងសាធារណៈ៕



















