បន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ – ដើម្បីបន្តពង្រឹងតម្លាភាព និងប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិយ៉ាងទូលំទូលាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង បានលើកបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលជាអាទិភាពគន្លឹះក្នុងយុទ្ធសាស្ត្របញ្ចកោណ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់ដោយស៊ីជម្រៅនូវនិយមន័យនៃ «អំពើពុករលួយ» ដើម្បីឱ្យមន្ត្រីអនុវត្តច្បាប់យល់ដឹងច្បាស់ថា «អំពើពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ និងចែងថាជាបទល្មើសពុករលួយ ហើយមានកំណត់ទោសទណ្ឌច្បាស់លាស់។ ប្រសិនបើច្បាប់មិនបានចែងថាជាបទល្មើសនោះទេ វាក៏មិនមែនជាអំពើពុករលួយដែរ»។
ការបញ្ជាក់នេះ គឺក្នុងគោលបំណងឱ្យមន្ត្រីរាជការទាំងអស់អនុវត្តតួនាទីរបស់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងការយល់ច្រឡំ និងការប្រព្រឹត្តខុសដោយអចេតនា។
នៅក្នុងពិធីនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយច្បាប់នាពេលនេះ គឺជាឱកាសមាសសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិក្នុងការក្រេបជញ្ជក់ចំណេះដឹង បទដ្ឋានគតិយុត្ត និងវិសោធនកម្មច្បាប់ថ្មីៗ។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការយល់ដឹងច្បាស់ពីច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នឹងជួយឱ្យមន្ត្រីយើងធ្វើការដោយភាពជឿជាក់ ស្អាតស្អំ និងមានសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គមជាតិឱ្យមានយុត្តិធម៌។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយនេះ មានគោលដៅយុទ្ធសាស្ត្រសំខាន់ៗក្នុងការបណ្តុះស្មារតីស្អប់ខ្ពើមអំពើពុករលួយ និងពង្រឹងវប្បធម៌ភាពស្អាតស្អំ កាត់បន្ថយឱកាសនៃការប្រព្រឹត្តអំពើពុករលួយតាមរយៈការយល់ដឹងពីនីតិវិធីច្បាប់ និងបង្ហាញពីភាពម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើស ដើម្បីរក្សានីតិរដ្ឋ។
ច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយនេះ មានវិសាលភាពគ្របដណ្តប់លើគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសិក្ខាសាលានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យរំពឹងថា ប្រសិទ្ធភាពនៃសេវាសាធារណៈនឹងត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

.j.jpg)
.j.jpg)


