(បន្ទាយមានជ័យ)៖ កូនៗរបស់ជនភៀសសឹក ក្នុងវត្តចាន់ស ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល ដេីម្បីបង្កេីននូវចំណេះដឹងដល់ពួកគេដែលបាត់បង់សាលារៀន ផ្ទះសម្បែង ដោយអំពេីឈ្លានពានពីសំណាក់យោធាថៃ។
បើតាមលោក ល្វីស ហៅពូបារាំង ជាជនជាតិបរទេស ម្នាក់ចូលរួមបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗរត់ភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានរៀបរាប់ថា «ខ្ញុំមកកន្លែងហ្នឹងពួកយើងចង់ជួយការអប់រំ ក្មេងៗ និងយុវជន ឱ្យមានចំណេះដឹង ពីព្រោះយើងឃើញអំពីសង្គ្រាមកើតឡើង មានក្មេង និងយុវជន អត់បានចូលរៀន»។
ជនជាតិបរទេស ដែលអាចនិយាយភាសាខ្មែរយ៉ាងច្បាស់រូបនេះ បានបន្តថា ក្រុមការងាររបស់លោក គឺមកបង្រៀនដល់កុមារតូចៗរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងបានបបង្រៀនទាំងភាសាអង់គ្លេស និងភាសាខ្មែរ។
លោក ល្វីស បានគូសបញ្ជាក់ថា អនាគតក្មេងៗ គឺវែងឆ្ងាយណាស់ ដូច្នេះ ការចូលរួមចំណែកបណ្តុះបណ្តាលដល់ពួកគាត់ ដែលកំពុងរស់នៅក្នុងជំរំភៀសសឹកនេះ ជាកិច្ចការងារដ៏សំខាន់ ពីព្រោះក្មេងៗ និងយុវជន បោះបង់ចោលការសិក្សានឹងប៉ះពាល់ដល់អនាគតពួកគាត់យ៉ាងធ្ងន់ធ្ងរ។
សិស្សានុសិស្សសរុបជាង ១ ៣០០នាក់ កំពុងបន្តស្នាក់នៅ និងកំពុងសិក្សានៅជំរំសុវត្ថិភាពចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានសិស្សជាង ៦០០នាក់ ស្នាក់នៅ និងរៀននៅជំរំវត្តច័ន្ទស៊ី ក្នុងស្រុកអូរជ្រៅ និងប្រមាណ ៧០០នាក់ នៅជំរំវត្តកណ្ដោល នៅក្នុងស្រុកថ្មពួក។







