យុវជនដេីម្បីបំណិនជីវិត ប្រែក្លាយ​ការឈឺចាប់ទៅជាការតស៊ូ​ ប្រឹងប្រែងរៀនសូត្រ​ ពង្រឹងសមត្ថភាព សាមគ្គីភាព​ ឯកភាព​ ដេីម្បីវិបុលភាពជាតិ


(កំពង់ចាម)៖ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០៣៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះជំរុំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ” ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុវជនមកពីគ្រប់ទិសទីក្នុងខេត្ត​កំពង់ចាម ដេីម្បីបំណិនជីវិត ប្រែក្លាយ​ការឈឺចាប់ទៅជាការតស៊ូ​ ប្រឹងប្រែងរៀនសូត្រ​ ពង្រឹងសមត្ថភាព សាមគ្គីភាព​ ឯកភាព​ ដេីម្បីវិបុលភាពជាតិ។

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រេីនរំលឹកដល់យុវសិស្ស​ ដែលបានចូលរួមក្នុងកម្មវិធីនេះថា ការប្រព្រឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណាដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងត្រូវកសាងជីវិតឱ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកចំណេះវិជ្ជាមកធ្វើជាខឿនបម្រើផលប្រយោជន៍ក្នុងសង្គមគ្រួសារ និងប្រទេសជាតិ លើមាគ៌ាអភិវឌ្ឍប្រទេសជាតិជានិរន្ត។​

ឯកឧត្តមអភិបាលខេត្ត បានរំពឹងទុកថា​ ការបោះជំរំយុវជនខេត្តកំពង់ចាមនាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នា ទៅវិញទៅមក ចូលរួមចំណែក អភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងរីកចម្រើនឡើង ហើយជាពិសេស គឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមាន សេចក្តីព្យាយាម អត់ធ្មត់ និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង​។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានដាស់តឿនដល់ក្មួយៗយុវសិស្ស​សូមក្មួយៗ​ ត្រូវខិតខំសង្កេតសិក្សា ស្រាវជ្រាវតាមរយៈ នៃសកម្មភាពទាំងឡាយក្នុងដំណើរការនៃការបោះជំរំយុវជននេះ ជាពិសេសសូមក្មួយៗ ត្រូវខិតខំកត់ត្រានូវ សកម្មភាពល្អៗ ទុកសម្រាប់ជាមេរៀនពិសោធន៍សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការ ផ្សព្វផ្សាយ ពីលទ្ធផល ទាំងអស់នេះដល់មិត្តភក្តិ បងប្អូនរបស់ក្មួយឱ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មាន សារៈសំខាន់ នៃកិច្ចការ ទាំងឡាយដែលក្មួយៗបាននិងកំពុងប្រតិបត្តិដោយផ្ទាល់ ក្នុងដំណើរការបោះជំរំ រយៈពេល ៧ថ្ងៃ លើទឹកដីស្រុកជើងព្រៃនាពេលនេះផងដែរ​៕