(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia។ វគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia ប្រព្រឹត្តទៅមានចំនួន ៤ថ្ង គឺថ្ងៃទី២៣,២៤,២៦,២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្មវិធីនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសមត្ថភាពកម្ពុជា-អូស្ត្រាលី សម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី វគ្គបណ្តុះបណ្តាលនេះក៏ជាកិច្ចសហប្រតិបត្តិការលើកដំបូងរវាងស្ថាប័នទាំងពីរ ហើយវាត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលបានចាប់ផ្តើម បន្ទាប់ពីទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័នដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការកែទម្រង់ច្បាប់ គ.ក.ច. ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះមានគោលដៅលើកកម្ពស់សមត្ថភាពលើការងារតាក់តែងច្បាប់ ការចងក្រង និងការផ្សព្វផ្សាយច្បាប់ ការតាមដាននិងវាយតម្លៃច្បាប់ យន្តការដោះស្រាយវិវាទ និងសង្គតិភាពច្បាប់ ព្រមទាំងជំរុញឧត្តមានុវត្តន៍ ទំនើបកម្មឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី។
វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្ដើមសុន្ទរកថាបើកដោយលោក លី ច័ន្ទតុលា។ វគ្គបណ្តុះបណ្តាលនេះមានការសហការរៀបចំឡើងដោយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia។ ក្រោយសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលបន្តដោយមានសុន្ទរកថាស្វាគមន៍ដោយ លោកជំទាវ Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា៕
















