ឯកឧត្តម រ៉ូហ្វី អូស្មាន អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន២០០ កញ្ចប់ ជូនសាសនិកឥស្លាម នៅខេត្តកំពត


នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាសមាជិករដ្ឋសភាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន២០០ កញ្ចប់ ជូនសាសនិកឥស្លាម នៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដោយអំណោយនេះ ទទួលបានពី សមាគមសប្បុរសធម៌អាស៉ីយ៉ាស់ នៃប្រទេសគុយវែត តាមរយៈអង្គការមូនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍។

ថ្លែងនាឱកាសសំណេះសំណាល ឯកឧត្តម រ៉ូហ្វី អូស្មានបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអង្គការមូនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលជានិច្ចជាកាលតែងតែខិតខំប្រឹងប្រែង និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខេត្តកំពត និងតំបន់ជុំវិញ តាមរយៈការសហការជាមួយអង្គការដៃគូ។ ឯកឧត្តមបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។

ឯកឧត្តម បានមានប្រសាសន៍រំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងរីកចម្រើនលើគ្រប់វិស័យ និងតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ផងដែរ។

ឯកឧត្តម បានពន្យល់បងប្អូនប្រជាពលរដ្ឋផងដែរ ទាក់ទងនឹងបញ្ហាក្រុមសម្តែងដែលមានតួសំដែងជា បងប្អូនខ្មែរឥស្លាមក្នុងកម្មវិធីបុកល័ក្ក ដោយបានយក ព្រះនាម ព្រះអល់ឡោះ និងរបៀបថ្វាយបង្គំផងដែរ មកធ្វើត្រាប់កំប្លុកកំប្លែងឡេះឡោះ ដែលជាហេតុនាំឱ្យបងប្អូនមួយចំនួនមិនពេញចិត្តប៉ុន្តែក្រោយមកសម្តេចតេជោ ហ៊ុន សែន បានចេញអន្តាគមន៍ និងបានណែនាំឱ្យក្រុមសម្តែងទាំងអស់បញ្ឈប់រាល់កាយវិការ និងពាក្យសម្តីដែលខ្វះការគោរពចំពោះសាសនាឥស្លាម។ ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ ឯកឧត្តម បានផ្តាំផ្ញើឲ្យបងប្អូនថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា៕