ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំព្រឹត្តិការណ៍វាយកូនគោលនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក។
ក្នុងជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងសហការី ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល។ ថ្លែងក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាបច្ចុប្បន្ន កម្ពុជាមានទីលានវាយកូនគោលចំនួន១១ទីតាំង និងកន្លែងហាត់វាយកូនគោលចំនួន៥ទីតាំង ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងទេសចរណ៍។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដោយក្រុមហ៊ុនរៀបចំនូវឯកសារទស្សនទាន (concept note) និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីដាក់មកក្រសួងទេសចរណ៍ ពិនិត្យនិងសិក្សា ជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។












