ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិសារអាហារស្រាយបួសខែរ៉ម៉ាឌនជាមួយបងប្អូនសាសនិកឥស្លាមខេត្តកំពត និងខេត្តកែប


នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិសារអាហារស្រាយបួសខែរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកឥស្លាមក្នុងខេត្តកំពត និងខេត្តកែប ដែលរៀបចំដោយ គ្លីនិក ម៉ើត ឌុលសេត សហការជាមួយគណៈអ៉ីម៉ំាខេត្តកំពត និងខេត្តកែប។

កម្មវិធីនេះ ធ្វើឡើងនៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាមមកពីរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តកែប ក្នុងនោះមានថ្នាក់ដឹកនាំខេត្ត ប្រធានអង្គការ សមាគម គ្រូបង្រៀនខ្មែរឥស្លាម ហាកឹម ព្រមទាំងភ្ញៀវអន្តរជាតិសរុប៣០០ នាក់។ កម្មវិធីស្រាយបួសនេះ មានគោលបំណងបង្កើនចំណងមិត្តភាពរវាងសាសនិកឥស្លាមឲ្យកាន់តែរឹងមាំ ក្នុងឱកាសបុណ្យរ៉ាម៉ាដាន ផ្តល់តម្លៃ បង្កើនចំណងមិត្តភាពជាមួយដៃគូសហការ សមាគមជាតិ និងអន្តរជាតិ ក្នុងគោលបំណងតែមួយគឺ កសាងសហគមន៍ឥស្លាមនៅកម្ពុជាឲ្យកាន់តែរឹងមាំ និងផ្តល់ស្នាមញញឹមដល់អ្នកតមអាហារ តាមរយៈការផ្តល់ជូនអាហារស្រាយបួសរួមគ្នា ដែលពោរពេញ ដោយស្នាមញញឹម និងសេចក្តីសប្បាយរីករាយ។

ក្នុងឱកាសមានមតិសំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានជួបបងប្អូនប្រជាពលរដ្ឋ តួនៗ សារជាថ្មីម្តងទៀតក្នុងខែរ៉ាម៉ាឌន ហើយសង្ឈឹមថា អល់ឡោះទ្រង់នឹងទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាបងប្អូនសាសនិកឥស្លាមនៅបណ្តាប្រទេស នានាលើសាកលលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលយើងទទួលបានពីការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺខិតខំថែរក្សាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជា ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរដល់គ្លីនិក ម៉ើត ឌុលសេត គណៈអ៉ីម៉ាំខេត្តកំពត កែប ក៏ដូចជាសមាគម Al Hilal Ummah Singapore ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ដែលឆ្លុះបញ្ចាំងពីស្មារតីចេះជួយគ្នា និងការចែករំលែកក្នុងសង្គម ក្នុងខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ។