នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ។


