រយៈពេល១ខែដើមឆ្នាំ២០២៦ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា ទទួលបានអ្នកដំណើរផ្លូវអាកាសជិត៧សែននាក់ កើនឡើង៤%


រយៈពេល១ខែដើមឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមាន ​អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានអ្នកដំណើរផ្លូវអាកាសជិត៧សែននាក់ កើនឡើង៤% បើធៀបរវាងខែមករា ឆ្នាំ២០២៦ និងខែធ្នូ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់អាកាសចរស៊ីវិលបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួន​៦,២៤៣ ជើង​ មានការកើនឡើង ៤% បើធៀបរវាងខែមករា ឆ្នាំ២០២៦ ទៅនឹងខែធ្នូ ឆ្នាំ២០២៥។ ​ខណៈការទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ​៨​ ៥៧៨ តោន​ មានការថយចុះ ៩% បើធៀបរវាងខែមករា ឆ្នាំ២០២៦ ទៅនឹងខែធ្នូ ឆ្នាំ២០២៥។

បើតាមអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិនីមួយៗ ក្នុងខែមករា ឆ្នាំ២០២៦ នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤,១៩២ ជើង និងអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤៨១,២០០ នាក់។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ១,៧៣១ ជើង និងអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ១៧២,៨៤៦ នាក់។ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)
ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៣០២ ជើង និងអ្នក​ដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ២៥,០៣១ នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន ៣៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិចំនួន ៣២​ ​ដោយបានកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៨ ប្រទេស និង ៤៦ ទីក្រុង រួមទាំង ៨ប្រទេសនៃសមាជិកអាស៊ាន ព្រមទាំងប្រទេសផ្សេងៗទៀត ដូចជាប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតារ អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងទួរគី។

សូមជម្រាបផងដែរថា ​ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស​ ជាង ៦.៩ លាននាក់ ស្មើនឹង ៩៣% នៃផែនការ (គោលដៅ ៧,៥ លាននាក់) និង​ទំនិញតាមផ្លូវអាកាស​ មានចំនួនជាង ៩៣ ពាន់តោន មានការកើនឡើង លើសផែនការ +១៥% (គោលដៅ ៨០ពាន់តោន)៕