លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្តាប្រឡាយស្រោចស្រពមួយខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។
នាឱកាសនោះលោក ម៉ុត រិត មេឃុំទ្រៀល បានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីការអភិវឌ្ឍន៍របស់ឃុំ ព្រមទាំងគម្រោងស្តារប្រឡាយស្រោចស្រព មួយខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែង ៥គីឡូម៉ែត្រ នៅភូមិថ្នល់កំញ៉ាត ភូមិប្រខ្នាយ និងភូមិត្នោត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានការឧបត្ថម្ភថវិកា និងផ្តួចផ្តើមដោយព្រះគ្រូបញ្ញាសិរីវង្សា ចែម មុនីចិន្តា ព្រះចៅអធិការវត្តពោធិវង្សហត្ថី ដោយប្រើប្រាស់គ្រឿងចក្រសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ថ្លែងនាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តពោធិវង្សហត្ថី ដែលតែងតែចូលរួមចំណែកអភិវឌ្ឍន៍ជាមួួយរាជរដ្ឋាភិបាល តបតាមការសំណូមពររបស់ប្រជាពលរដ្ឋ និងចូលរួមបំពេញបន្ថែមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ កំពុងតែគិតគូរយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ រួមមាន៖ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយ ទឹក ភ្លើងផងដែរ។
លោកក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំទ្រៀលទាំងអស់ ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃស្តារ ព្រមទាំងបរិច្ចាគនូវដីស្រែបន្តិចបន្តួចក្នុងការចូលរួម។ លោកបានបញ្ជាក់ថា ប្រឡាយមួយខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ សូមបងប្អូនថែរក្សាទាំងអស់គ្នា។
លោក ហាក់ ម៉ុងហួត ក៏បន្តទៀតថា ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលថ្មីៗនេះលោកបានចូលរួមការទូត និងជួបពិភាក្សាជាមួយមេដឹកនាំធំៗនៅអឺរ៉ុប ក៏ដូចជាបណ្តាប្រទេសនានា គោលបំណងពង្រឹងទំនាក់ទំនងការទូសេដ្ឋកិច្ច និងវិនិយោគ ។
ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានសំណូមពរឲ្យបងប្អូនចូលរួមថែរក្សា និងសហការឲ្យល្អថែមទៀត នៅពេលគ្រឿងចក្រចុះស្តាប្រឡាយស្រោចស្រព និងសាងសង់ផ្លូវលំនេះផងដែរ៕





















