ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត។
យោងតាមអនុក្រឹត្យលេខ ១៥២ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា គឺលោក លាង រឿងសុធី មានឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៤ ត្រូវបានផ្ទេរភារកិច្ច ពីអភិបាលក្រុងកំពត ឲ្យទៅកាន់មុខតំណែងជាអភិបាលក្រុងបូកគោ ជំនួសលោកស្រី ងិន ផលរ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលក្រុងបូកគោ ឲ្យមកកាន់មុខតំណែងជាអភិបាលក្រុងកំពតវិញ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់លោក និងលោកស្រី ដែលទើបទទួលបានភារកិច្ចថ្មី ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយចិត្ត។ លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់លើការសហការគ្នាឲ្យបានជិតស្និទ្ធ និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីនាំមកនូវភាពរីកចម្រើន និងសមិទ្ធផលថ្មីៗ បន្ថែមទៀតសម្រាប់ខេត្តកំពតទាំងមូល។
សូមបញ្ជាក់ថា បើយោងតាមអនុក្រឹត្យខាងលើដដែល លោកស្រី គឹម សុធារី មានឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានផ្ទេរពីអភិបាលស្រុកជុំគិរី ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពត៕













