រាជរដ្ឋាភិបាល និងវិស័យឯកជន ប្តេជ្ញារួមគ្នា ពង្រឹងគុណភាពដំទ្បូងមីកម្ពុជា តាមរយៈការទិញ-លក់ និងចំណិតក្រៀម


រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការទិញ-លក់ដំទ្បូងមីស្រស់ និងចំណិតក្រៀម ក្រោមវត្ដមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាប្រធានសមាគមដំទ្បូងមីកម្ពុជា លោក លោកស្រី តំណាងវិស័យឯកជន ម្ចាស់លានហាលប្រមូលទិញ និងក្រុមហ៊ុននាំចេញដំឡូងមីកម្ពុជា ព្រមទាំងតំណាងវិស័យឯកជន ក្នុងវិស័យដំឡូងមីជាច្រើនរូប។

លោកជំទាវ ចម និម្មល បានឲ្យដឹងថា វត្តមានចូលរួមនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីការប្តេជ្ញាចិត្តរួមគ្នា ពង្រឹងគុណភាពដំទ្បូងមីកម្ពុជា ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យដំទ្បូងមីកម្ពុជា ឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។

លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំឡូងមី នៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិ​ ស្តីពី​ដំឡូងមី ២០២០-២០២៥។

ថ្មីៗនេះ បានផ្តល់ការឯកភាព ជាគោលការណ៍អនុញ្ញាតឱ្យក្រសួង បន្តដឹកនាំរៀបចំគោលនយោបាយជាតិ ស្តីពីដំទ្បូងមីដំណាក់កាលទី២ សម្រាប់រយៈពេល ៥ ឆ្នាំបន្ត គោលបំណងធ្វើឱ្យកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលដំទ្បូងមីដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ក្នុងចំណោមគោលបំណងសំខាន់ៗដទៃទៀត។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួង ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញដំទ្បូងមី តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការសំខាន់ៗ ជាច្រើន មានជាអាទិ៍៖

* ការសម្របសម្រួល​បង្កើត​សហព័ន្ធដំឡូង​មី​កម្ពុជា និងសមាគម​សម្ព័ន្ធដំឡូងមី​កម្ពុជា-ចិន ដើម្បីប្រមូលផ្តុំលទ្ធភាពផ្គត់ផ្គង់និង​ជំរុញ​ការទិញ-លក់​ដំឡូងមី និង​អភិវឌ្ឍ​សមត្ថភាព​វិស័យ​ឯកជន,
* ការដាក់ឱ្យប្រើប្រាស់​ថ្នាល​ព័ត៌មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី,
* ការបង្កើតក្រុមការងារ​ជំរុញ​ការនាំចេញ និងការសម្របសម្រួល​ចុះអនុស្សរណៈនៃ​ការយោគ​យល់គ្នា និង​​កិច្ចសន្យា​ទិញ-លក់​ដំឡូងមី ដើម្បីនាំចេញ​ទៅទីផ្សារ​ក្រៅប្រទេស * ការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំទ្បូងមី ក៏ដូចជាការដាក់ឱ្យអនុវត្តនូវ «សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតក្រៀម» នេះ ជាដើម។

ថ្លែងក្នុងពិធីនោះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំទ្បូងមី ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ម្ចាស់សៃឡូ និងក្រុមហ៊ុននាំចេញដំឡូងមីកម្ពុជា ដើម្បីជាទិសដៅការងារត្រូវអនុវត្តបន្ត ដូចតទៅ៖

ទី១៖ ត្រូវចូលរួមអនុវត្ត «សេចក្តីណែនាំស្ដីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតក្រៀម» ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះ ម្ចាស់លានហាល និងក្រុមហ៊ុនប្រមូលទិញ ត្រូវគោរពតាមគោលការណ៍ «ទិញ-លក់ដោយស្មោះត្រង់ និងត្រឹមត្រូវ»

លោកជំទាវរដ្ឋមន្ដ្រី ក៏បានប្រាប់បងប្អូនប្រជាកសិករ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់លើ គុណភាព និងអនុវត្តតាមយថា ប្រភេទដូចក្នុងសេចក្តីណែនាំ និងត្រូវបន្តស្វែងយល់អំពីកាតព្វកិច្ច និងការទទួលខុសត្រូវ ផ្លូវច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញនិងសេវា កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ៕