រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្តរជាតិនារី៨មីនាឆ្នាំនេះ ធ្វើឡើងជាការរំលឹកនិងដឹងគុណចំពោះ វីរភាពស្ត្រីកម្ពុជា លះបង់ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦នេះ យើងមិនត្រឹមតែអបអរសាទរនូវសមភាព និងសិទ្ធិរបស់ស្ត្រីក្នុងសង្គមទំនើបប៉ុណ្ណោះទេ ប៉ុន្តែយើងសូមយកឱកាសនេះ ដើម្បីរំលឹកនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ជាពិសេសក្នុងអំឡុងពេលជំម្លោះព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅ។ នៅពេលដែលប្រទេសជាតិជួបគ្រោះអាសន្ន យើងបានឃើញយ៉ាងច្បាស់ថា កម្លាំងការពារជាតិមិនមែនមានតែបុរសនោះទេ គឺបងប្អូនស្ត្រីក៏ជាវីរៈកងទ័ព និងជាវីរៈនគរបាលការពារព្រំដែន ដោយបានឈរជើងយ៉ាងរឹងមាំនៅសមរភូមិកាន់អាវុធប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាន ការពារបូរណភាពទឹកដីប្រកបដោយស្មារតីតស៊ូ និងលះបង់ខ្ពស់បំផុត។

ឯកឧត្តមបន្តថា ពួកគាត់បានបង្ហាញថា កម្លាំងទន់ភ្លន់របស់ស្ត្រីអាចប្រែជាកម្លាំងដែកថែបដើម្បីការពារអធិបតេយ្យភាពជាតិ។ ក្រៅពីកាន់អាវុធស្ត្រីក៏ជាក្រុមគ្រូពេទ្យ ជួរមុខជួយសង្គ្រោះយុទ្ធជន ស្ត្រីក៏ជាសប្បុរសជនដោយបានរួមចំណែកក្នុងការផ្តល់ និងរៀបចំចាត់ចែងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងសម្លៀកបំពាក់ជាដើម ផ្តល់ជូនវីរៈកងទ័ពសមរភូមិមុខ និងប្រជាជនភៀសសឹកជាប់ជាប្រចាំ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦
នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ជា សុមេធី បានបន្ថែមថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា និងបង្កើតឱ្យមានយុទ្ធនាការនានាក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាពនិងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងសី ដោយបានកំណត់ទិវានេះជាថ្ងៃឈប់សម្រាកផ្លូវការផងដែរ។

ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៦នេះ ត្រូវបានប្រាព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាស់ន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គមី ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា (៥-មីនា-២០២៦)
ស្ថិរភាពសង្គម និងវិបុលភាពសង្គម។

គួរបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមន្ត្រីរាជការជាស្ត្រី បម្រើការងារចាប់ពីមន្ត្រី ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ មានចំនួនសរុប ១,១៣២នាក់ ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ២,០០០នាក់ និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីចំនួន៣១២នាក់ នៃមន្ត្រីកិច្ចសន្យាសរុប៥៩៨នាក់ ក្នុងនោះ៖ថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាស្ត្រី មានចំនួន ១១នាក់មន្ត្រីថ្នាក់ជាតិចំនួន ៥២១នាក់ ស្មើនឹង ៣៩.១៤% នៃចំនួនមន្ត្រីរាជការសរុប ១,៣៣១នាក់ មន្ត្រីថ្នាក់ក្រោមជាតិចំនួន ២៩០នាក់ ស្មើនឹង ៤៣.៣៤% នៃចំនួនមន្ត្រីរាជការសរុប ៦៦៩នាក់ មន្ត្រីជាប់កិច្ចសន្យាទាំងថ្នាក់ជាតិ និងក្រោមជាតិចំនួន ៣១២នាក់ ស្មើនឹង ៥២.១៧% ន
ចំនួនមន្ត្រី និងបុគ្គលិកជាប់កិច្ចសន្យាសរុប ៥៩៨នាក់៕