សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យប្រតិភូមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ចូលជួបសម្តែងការគួរសម និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥។
ចំណុចសំខាន់ៗនៃជំនួប៖
• ការលើកកម្ពស់សីលធម៌សង្គម៖ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់មជ្ឈមណ្ឌល ក្នុងការអប់រំសីលធម៌តាមគន្លងព្រះពុទ្ធសាសនា ដែលជាគ្រឹះនៃសន្តិភាព និងសុខដុមរមនាក្នុងសង្គម។
• សន្តិភាព និងសិទ្ធិនារី៖ សម្តេចបានគូសបញ្ជាក់ថា សិទ្ធិនារី និងការអភិវឌ្ឍ មិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ស្របតាមមូលបទឆ្នាំនេះ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។
• មោទនភាពចំពោះនយោបាយឈ្នះ-ឈ្នះ៖ ភាគីទាំងពីរបានឯកភាពគ្នាថា ការដឹកនាំរបស់រាជរដ្ឋាភិបាល តាំងពីសម័យសម្តេចតេជោ រហូតដល់សម្តេចធិបតី គឺដើរតាមគន្លងព្រះពុទ្ធសាសនាពិតប្រាកដ ជាពិសេសការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការប្រកាន់ខ្ជាប់នូវខន្តីធម៌។
• ការប្រគល់ពានរង្វាន់៖ ក្នុងឱកាសដ៏វិសេសវិសាលនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានប្រគល់ ពានស្នាដៃ «គុណធម៌» ជូនសម្តេចរដ្ឋសភាធិបតី ដើម្បីជានិមិត្តរូបនៃការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ក្នុងបុព្វហេតុជាតិ និងសាសនា៕









