ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ដើម្បីជួបពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗ


ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ដើម្បីជួបពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអធិការកិច្ច ព្រមទាំងពិភាក្សាលើកិច្ចសហការការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការទី១ នៃព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួងអធិការកិច្ច នៅវិមានព្រឹទ្ធសភា។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្រ «ព៤ជ៤» ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការតម្រង់ទិសដៅការងារឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងដើរតួនាទីជាយន្តការគន្លឹះក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ និងតាមដានការអនុវត្តច្បាប់នៅតាមស្ថាប័នសាធារណៈ សំដៅធានាបាននូវតម្លាភាព គណនេយ្យភាព និងការបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗជាច្រើនរបស់ក្រសួងអធិការកិច្ច និងលទ្ធផលនៃការចុះធ្វើអធិការកិច្ច ព្រមទាំងវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស សេចក្តីព្រាង «ច្បាប់ស្តីពីអធិការកិច្ច» និង «ច្បាប់ស្តីពីបណ្តឹងតវ៉ានិងបណ្តឹងបរិហារ»។

ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា បានគូសបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រសួងអធិការកិច្ច ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងអភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើនកិច្ចសហការរវាងអង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ សំដៅធានាឱ្យបាននូវការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

ជាកិច្ចបញ្ចប់ អង្គពិធីទាំងមូលបានស្វែងយល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាការដាក់ចេញនូវដំណោះស្រាយយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមនានា សំដៅពង្រឹងប្រព័ន្ធត្រួតពិនិត្យនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេស អង្គពិធី បានឯកភាពលើការជំរុញការរៀបចំឯកសារទស្សនាទាន ដើម្បីឈានទៅបញ្ចប់ការរៀបចំ សេចក្ដីព្រាងច្បាប់ស្តីពីអធិការកិច្ច ឱ្យបានគ្រប់ជ្រុងជ្រោយ និងឱ្យបានឆាប់។