ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ផ្តល់អនុសាន៍ ៥ចំណុច ដើម្បីជាធាតុចូលបន្ថែម សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានដាក់ចេញអនុសាសនាបន្ថែមចំនួន ៥ចំណុច ដើម្បីជាធាតុចូលបន្ថែមសម្រាប់ គណៈកម្មការ និងក្រុមការងារ នៃគណៈបញ្ជាការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានដាក់ចេញអនុសាសន៍ដូចនេះនាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ដោយមានការចូលរួមពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងមានលោក លោកស្រី ប្រធានគណៈកម្មការ ប្រធានក្រុមការងារអន្តរក្រសួង លេខាធិការដ្ឋាន នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាច្រើនរូបទៀត។

អនុសាសន៍ទាំង ៥ចំណុចរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានដូចជា៖

* ទី១៖ គោលការណ៍រួមរបស់ផែនការយុទ្ធនាការរបស់យើង គឺត្រូវធ្វើយ៉ាងណាបន្តជំរុញ ចលនាជាតិ និងស្មារតីរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងប្រទេស ដោយមានការចូលរួមពី គ្រប់វិស័យ។ ដូច្នេះក្នុងន័យនេះ, លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ជូនដល់គណៈកម្មការ និងក្រុមការងារ នៃគណៈបញ្ជាការយុទ្ធនាការទាំងអស់ ជាពិសេសអភិបាលរាជធានីខេត្តទាំងអស់ ត្រូវធ្វើយ៉ាងណា កៀរគរមហាជន គ្រប់វិស័យ ចូលរួមអនុវត្តផែនការយុទ្ធនាការលើកទី១១ ឱ្យមានប្រសិទ្ធភាព តាមគ្រប់វិធី និងគ្រប់រូបភាព។

* ទី២៖ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ ឱ្យលោក លោកស្រី ប្រធានគណៈកម្មការ និងក្រុមការងារ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អនុវត្តវិធានការដែលមានចែង នៅក្នុងផែនការយុទ្ធនាការលើកទី១១នេះ ក្រោមរូបភាពថ្មី និងប្រកបដោយប្រសិទ្ធភាព។

* ទី៣៖ គណៈកម្មការ និងក្រុមការងារនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន, មានលេខាធិការដ្ឋានបូកសរុប និងមានរបប ប្រជុំទៀងទាត់។

* ទី៤៖ លោក លោកស្រី ដែលជាអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានី ខេត្ត ត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តផែនការយុទ្ធនាការនេះ ដោយសារតែគ្រប់វិធានការទាំងអស់ គឺមិនអាចធ្វើឡើងតែកម្លាំងនៃស្ថាប័នថ្នាក់ជាតិតែមួយនោះទេ គឺត្រូវទាមទារការចូលរួមផុសផុលពីថ្នាក់មូលដ្ឋាន។

* ទី៥៖ សូមធ្វើការអំពាវនាវគ្រប់ក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តជំរុញ អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពជា គំរូនៃការអនុវត្តច្បាប់ តាមរយៈគោលការណ៍សម្អាតផ្ទះយើង និងសម្អាតចកចេញពីផ្ទៃបឹង ដោយត្រូវ អនុវត្តខ្ជាប់ខ្ជួន បទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និង បទបញ្ជាលេខ ០២បប ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយ ពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និង សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

បន្ថែមពីនេះឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អនាពេលកន្លងមក និងបានអំពាវនាវដល់វិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិនានា សូមបន្តផ្តល់កិច្ចសហការ តាមគ្រប់រូបភាព ជាមួយរាជរដ្ឋាភិបាល ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិង សហគមន៍គ្មានគ្រឿងញៀន»

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក្នុងនាមប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមជាមួយលោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានគណៈបញ្ជាការ, ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក លោកស្រី ប្រធានគណៈកម្មការ, ក្រុមការងារ អន្តរក្រសួង និងលេខាធិការដ្ឋានទាំងអស់ ចំពោះការចូលរួមអនុវត្តផែនការយុទ្ធនាការលើកទី១០ ក្នុងឆ្នាំ២០២៥កន្លងទៅ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ នឹងជំនឿយ៉ាងមុតមាំថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នឹងទទួលបានលទ្ធផលផ្លែផ្កា ជោគជ័យ ត្រចះត្រចង់ ដូចការគ្រោងទុកផងដែរ៕