ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» និងជូនបាច់ផ្កាអនុស្សាវរីយ៍ ជូនថ្នាក់ដឹកនាំនិងមន្ដ្រីរាជការជានារី នៅទីស្ដីការក្រសួង។ ពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ជាពិសេស មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជាស្រ្ដីទាំងអស់សរុបចំនួន ៣២៥រូប។
នាឱកាសនេះដែរ លោកស្រី គង់ សុធីរី រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦។ បន្ទាប់មក លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍សង្ខេបសកម្មភាពរបស់ក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានរំលេចជូនអង្គពិធីអំពី ស្ថានភាពមន្ដ្រីរាជការនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទមានចំនួនសរុប ១ ៣៦៤នាក់ ស្ត្រីមានចំនួន ៣៩៣នាក់ ស្មើនឹង ២៩% (កើនឡើង ១% ធៀបឆ្នាំ២០២៥)។ ក្នុងនោះទីស្តីការក្រសួង មានចំនួន ៥៨៨នាក់ ស្ត្រី ១៨៨ នាក់ ស្មើនឹង៣២% (កើតឡើង៥% បើធៀបឆ្នាំ ២០២៥) និងនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត មានចំនួន ៧៧៦នាក់ ស្ត្រី ២០៥នាក់ ស្មើនឹង ២៦% (កើនឡើង ១% ធៀបនឹងឆ្នាំ២០២៥)។
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
ក្នុងឱកាសនោះផងដែរ លោកជំទាវ វង គន្ធារី ឆាយ ឫទ្ធិសែន បានអញ្ជើញមានចំណាប់អារម្មណ៍ជូនដល់អង្គពិធី ដោយបានគូសបញ្ជាក់អំពី តួនាទីដ៏សំខាន់របស់ស្រ្ដីគ្រប់រូបក្នុងការថែរក្សាសុភមង្គលក្នុងគ្រួសារ ការថែរក្សា អប់រំកូនចៅ ឱ្យក្លាយជាមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសតួនាទីក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងការថែរក្សាសុខសន្ដិភាពជាតិ មាតុភូមិទាំងមូល។
ជាមួយគ្នានេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការជាស្រ្ដីទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងការចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងវិស័យអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្តែងនូវការអបអរសាទរប្រកប ដោយមនោសញ្ចេតនាជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនារីទាំងអស់ ក្នុងឱកាសដ៏វិសេសវិសាលនេះ។
លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារអាទិភាព ដោយបន្ដកំណត់យក «ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ» តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល តាមរយៈការបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីនៅក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារ និងស្ថាប័ន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមកិច្ច។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នេះ គឺពិតជាមានអត្ថន័យ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ក្នុងការទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រសម្រាប់ក្រុមគ្រួសារ និងសង្គម ដែលជាកត្តារួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។ ទន្ទឹមនោះដែរ លោករដ្ឋមន្ដ្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គពិធីឱ្យបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការនារីក្នុងរចនាសម្ព័ន្ធគ្រប់គ្រងតាម អង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕



































