ឯកឧត្តម ហួត ហាក់៖ ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ គឺជាព្រឹត្តិការណ៍ទេសចរណ៍កីឡាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី បានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ ១,០០០នាក់ លើសពីការគ្រោងទុក


នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ», ជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់សក្តានុពលទេសចរណ៍នៅខេត្តតាកែវ, បង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការជួយឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សខ្វះខាតផងដែរ។

ព្រឹត្តិការណ៍ជិះកង់នេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លោក លោកស្រីតំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជន, ប្អូន និងក្មួយៗជាអ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs, បងប្អូនកីឡាករ កីឡាការិនី បងប្អូនសាធារណជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ប្រមាណ ១,០០០នាក់។

ឆ្លៀតក្នុងឱកាសដ៏ស្រស់ស្រាយ​រំសាយ​អស់ទុក្ខកង្វល់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាព គឺជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ពិសេសព្រឹត្តិការណ៍ជិះកង់នេះក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រវាងរាជធានីភ្នំពេញ និងខេត្តតាកែវ ព្រមទាំងលើកកម្ពស់ការធ្វើដំណើរទេសចរណ៍ប្រកបដោយភាពសុខដុមរមនា និងបរិស្ថានបៃតង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ល្អមួយនេះ បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ, បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ, បង្ហាញពីការរួបរួម និងភាពសាមគ្គីរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពសង្គម ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសង្គម កីឡា និងវិស័យទេសចរណ៍ផងដែរ។