ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងតាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានជួបពិភាក្សាទ្វេភាគីចំនួន ២៩ជំនួបជាមួយភាគីសំខាន់ៗ រួមមាន៖
*ថ្នាក់ដឹកនាំ និងតំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដូចជា៖ ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)
*បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដូចជា៖ បារាំង សាធារណរដ្ឋនៃប្រជុំកោះម៉ាសាល់ សាធារណរដ្ឋដូមីនីក កូរ៉េខាងត្បូង កូឡុំប៊ី អេស្តូនី ប្រេស៊ីល ជប៉ុន គុយបា កូវ៉ែត អីរ៉ាក់ អ៉ីតាលី ជាដើម
*អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស (Special Rapporteurs) តាមវិស័យនានាដូចជា៖ សិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិវប្បធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹកជាដើម។
នៅក្នុងជំនួបទាំងនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិរួមមាន៖
*ការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុនពីសំណាក់យោធាថៃ
*ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា
*ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្រ្តីពលករកម្ពុជាពីសំណាក់កងទ័ពថៃ
*ការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្តប្រជាជននៅតាមព្រំដែន
*ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក
*ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (Fait Accompli) តាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលធ្វើឱ្យជនភៀសសឹកប្រមាណ ៨០ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានដោយសុវត្ថិភាព។
ជាការឆ្លើយតប ភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល និងសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗខ្លួនអំពីព័ត៌មានដ៏សំខាន់នេះ។ ទន្ទឹមនេះ ភាគីទាំងអស់ក៏បានផ្តល់យោបល់ និងបទពិសោធល្អៗផ្សេងៗគ្នាជាច្រើន ដែលជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គា្នទៅវិញទៅមកការបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕




