ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ជួបសំណេះសំណាល និងសួរសុខទុក្ខជនភៀសសឹក ១២៨៤គ្រួសារ នៅខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខរបស់បងប្អូនគ្រួសារភៀសសឹកចំនួន ១២៨៤គ្រួសារ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាននៅខេត្តបន្ទាយមានជ័យ។

ពិធីសំណេះសំណាលក៏មា​នការចូលរួមប្រតិភូអមដំរក្រសួង, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដែលប្រារព្ធធ្វើឡើងនៅវត្តចាន់ស៊ី ក្នុងឃុំកូប ស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងពីសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដែលខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ប្រវែង១៥៣គីឡូម៉ែត្រ ដោយសារមហិច្ឆតាលោភលន់ឥតអៀនខ្មាស់របស់ រដ្ឋាភិបាល កងទ័ព និងប្រជាជនជ្រុលនិយមមួយចំនួនរបស់ប្រទេសថៃ បានបង្កឱ្យមានអរិភាព បង្កើតព្រឹត្តិការណ៍ និងឈានដល់ការធ្វើសង្គ្រាមឈ្លានពានទាំងកម្រោលពីសំណាក់ភាគីថៃ មកលើដែនដីអធិបតេយ្យភាពស្របច្បាប់ របស់កម្ពុជា។

ឯកឧត្តម បន្តថា តាមរយៈការបញ្ឆេះភ្លើងសង្គ្រាម និងប្រព្រឹត្តអំពើឈ្លានពានរំលោភទឹកដី នៃដែនអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើនពីសំណាក់ភាគីថៃ បានបង្កមហន្តរាយលើគ្រប់ទិដ្ឋភាពជាច្រើននៅខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យបាត់បង់ជីវិត និងរងរបួសជនស៊ីវិលស្លូតត្រង់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតនូវហេដ្ឋារចនាសម្ព័នសាធារណៈរួមមាន៖ ផ្លូវធ្វើដំណើរ ប្រពន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងផ្ទៃដីលំនៅដ្ឋាន-ដីកសិកម្មជាដើម។ល។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ក៏បានអរគុណអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលតែងតែនៅជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ព្រមទាំងបានរៀបចំនៅទីតាំងសម្រាប់បងប្អូនជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ដោយមានក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលជនភៀសសឹក ការពារសន្តិសុខសុវត្ថិភាពជូនពួកគាត់យ៉ាងល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែងនៅជាមួយបងប្អូនជានិច្ច។ ឯកឧត្តមសូមអរគុណប្រជាពលរដ្ឋ ដែលមានការតស៊ូអត់ធ្មត់ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយលើបញ្ហាព្រំដែន។

សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានរំលោភបំពានឈ្លានពានរំលោភទឹកដី នៃដែនអធិបតេយ្យភាពកម្ពុជា មានផ្ទះប្រជាពលរដ្ឋចំនួនជាង ២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល។ ទន្ទឹមនេះក៏មានប្រជាពលរដ្ឋជាង ៣០០០គ្រួសារ ស្មើនឹងមនុស្សជាង ១១ម៉ឺនអង្គ/នាក់ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព៕