(កំពង់ចាម)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាឱ្យបាននូវភាពជោគជ័យ សុវត្ថិភាព និងភពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីបង្កភាពសប្បាយ រីករាយជូនប្រជាពលរដ្ឋមកលេងកម្សាន្ដ ដោយរៀបចំលេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀត ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ខ្មែរ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏រស់រវើក និងការសាមគ្គីភាពរបស់ប្រជាជាតិយើងដែលការរៀបចំសង្ក្រាន្ត នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យលើការតុបតែងលម្អ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក៏ដូចជាការជួបជុំក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីករាយ និងសុវត្ថិភាព៕








