អគ្គនាយកដ្ឋានពន្ធដាររបស់កម្ពុជា និងកូរ៉េ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ និងការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងពន្ធស្របតាមគោលការណ៍ជាធរមាននៃកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាដែលប្រទេសទាំងពីរបានឯកភាពគ្នារៀបចំនាពេលកន្លងមក។
ភាគីទាំងពីរឯកភាពគ្នាបែបនេះ ក្នុងឱកាសដែលឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Lim Kwang Hyun អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងគណៈប្រតិភូអមដំណើរផងដែរ។
ដំណើរទស្សនកិច្ចនេះ គឺជាការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងអគ្គនាយកដ្ឋានពន្ធដារ នៃកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែមានភាពជិតស្និទ្ធ និងទំនុកចិត្តលើគ្នាទៅវិញទៅមកនាពេលកន្លងមក។
តាមរយៈដំណើរទស្សនកិច្ច រដ្ឋបាលសារពើពន្ធនៃប្រទេសទាំង ២ បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើប្រធានបទសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍរដ្ឋបាលសារពើពន្ធ ក្នុងនោះរួមមាន៖
១. ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់;
២. ការធ្វើទំនើបកម្ម និងការកែទម្រង់រដ្ឋបាលពន្ធដារ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាពិសេសការអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ “GDT HomeTax”; និង
៣. កាតព្វកិច្ចពន្ធពាក់ព័ន្ធនឹងផលិតផលគ្រឿងស្រវឹង ភេសជ្ជៈ និងថ្នាំជក់។
ជាមួយគ្នានេះ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ក៏បានចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តល្អៗដែលកំពុងប្រើប្រាស់ដោយជោគជ័យនៅសាធារណរដ្ឋកូរ៉េ ដើម្បីជាមូលដ្ឋានសម្រាប់ការសិក្សា និងដកស្រង់បទពិសោធន៍ ក្នុងគោលបំណងបន្តការកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចឌីជីថលបានកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនេះដែរ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធដារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ និងការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងពន្ធស្របតាមគោលការណ៍ជាធរមាននៃកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាដែលប្រទេសទាំងពីរបានឯកភាពគ្នារៀបចំនាពេលកន្លងមក។ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានេះ ក៏មានសារៈសំខាន់ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសពន្ធជាសកលដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ស្របតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោកគង់ វិបុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Lim KwangHyun និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចនៅអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ហើយបានបង្ហាញនូវឆន្ទៈរឹងមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានជូនពរដល់គណៈប្រតិភូទាំងអស់ ឱ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងបេសកកម្ម និងការបំពេញភារកិច្ចរបស់ខ្លួន៕



