(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តសំពៅផុស ហៅវត្តតាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលកសាងអស់ទឹកប្រាក់ប្រមាណជាង២៧ម៉ឺនដុល្លារ។ ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជិត៥០០នាក់។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់បានឡើយ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ដូចដែលបានយល់ដឹងមកហើយ ពីសារៈសំខាន់នៃការដើរទន្ទឹមគ្នា នៃវិស័យទាំងពីរនេះ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង ដូចជានៅខេត្តកំពង់ស្ពឺ ដែលមានវត្តជាច្រើនដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងជាកត្តារួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន អាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។
ឯកឧត្តមបណ្ឌិតបានបន្តថា ការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺអាស្រ័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ពុទ្ធចក្រ និងអាណាចក្រ ត្រូវបានចាត់ទុកជាកងចក្រមនុស្សធម៌ដ៏មានសក្តានុពល និងមានប្រសិទ្ធភាពបំផុត ក្នុងការរួមចំណែកកសាងសង្គម សេដ្ឋកិច្ច និងវប្បធម៌ប្រពៃណីជាតិ ដូចជាការកសាងសាលារៀន ស្ពាន ថ្នល់ និងការចូលរួមកិច្ចការមនុស្សធម៌ផ្សេងៗ ជាមួយរដ្ឋបាលស្រុក។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងដោយសង្កត់ធ្ងន់ថា ស្រុកឱរ៉ាល់ គឺជាស្រុកមួយដែលធ្លាប់រងការគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយជាច្រើនឆ្នាំ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ស្រុកនេះត្រូវបានប្រកាសនៅឆ្នាំ១៩៨៥ ដោយកាត់ចេញពីស្រុកថ្ពង និងស្រុកភ្នំស្រួច ក្រោយប្រកាសសមិទ្ធផលជាច្រើនត្រូវបានផុសឡើងជាបន្តបន្ទាប់ ហើយក្នុងនោះរមណីយដ្ឋានធម្មជាតិ ដែលមានក្នុងស្រុកនេះ ក៏ត្រូវបានគាស់រំលើង និងធ្វើការអភិវឌ្ឍដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត។
ជាមួយនោះ ដើម្បីឲ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនក្នុងស្រុកនេះ អាជ្ញាធរ សហគមន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានគប្បីធ្វើការរៀបចំអនាម័យ និងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាននៅទូទាំងស្រុកឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាឲ្យសោភ័ណភាពនៃស្រុកនេះ និងទីរមណីយដ្ឋានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ៕



















