ប្រមុខរដ្ឋស្តីទី សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន ចំពោះ ឯកឧត្តម ថងលុន ស៊ីសូលីត ដែលបន្តជាប់ឆ្នោតសាជាថ្មីជា ប្រធានរដ្ឋឡាវ


(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានផ្ញើសារអបអរសាទរជូន ចំពោះ ឯកឧត្តម ថងលុន ស៊ីសូលីត (Thongloun SISOULITH) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជា ប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី១០ ថ្មីៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជោគជ័យជាថ្មីរបស់ ឯកឧត្តម ថងលុន ស៊ីសូលីត ក្នុងការទទួលបាននូវតំណែងដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការដឹកនាំដ៏ឆ្នើម និងការលះបង់ឥតងាករេរបស់លោក ចំពោះជាតិ មាតុភូមិ និងប្រជាជនឡាវ។

សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការកាន់តំណែងរបស់ ឯកឧត្តម ថងលុន ស៊ីសូលីត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងកាន់តែត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អាស្រ័យដោយ គុណតម្លៃរួម ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នារបស់ យើង ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៃប្រជាជាតិយើងទាំងពីរ តំបន់ និងពិភពលោក។

សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ថងលុន ស៊ីសូលីត ដើម្បីបន្តពូនជ្រំភាពជាដៃគូ និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព អ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ៕