(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ»។
ក្នុងឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើនគួរជាទីមោទនៈ។
ក្នុងនោះ រួមមាន ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ការរៀបចំ និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការអនុវត្តការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល, ការពង្រឹងការគ្រប់គ្រង, ការវិវឌ្ឍអាជីពរបស់មន្ត្រីរាជការ និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន, ការកែលម្អការផ្តល់សេវាសាធារណៈ, ការកែទម្រង់ប្រព័ន្ធបៀវត្ស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ រួមទាំងជាមួយដៃគូអភិវឌ្ឍន៍នានាជាដើម។
ផ្អែកលើទិសដៅការងារដែលបានកំណត់ ក្រសួងមុខងារសាធារណៈ នឹងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បី សម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងគោលបំណងកែលម្អ និងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា ឲ្យឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេស និងសកលលោក។ ក្នុងន័យនេះ រដ្ឋបាលសាធារណៈកម្ពុជា នឹងត្រូវប្រែក្លាយឲ្យកាន់តែមានភាពទំនើប ធន់ ខ្លាំង វៃឆ្លាត គុណភាព ស្អាតស្អំ វិជ្ជាជីវៈ និងមានប្រសិទ្ធភាពក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។
សូមជម្រាបថា បន្ទាប់ពីពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតក៏នឹងមានការធ្វើបទបង្ហាញរបស់វាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងមុខងារសាធារណៈ និងវេទិកាសំណួរ ចម្លើយ លើប្រធានបទដែលបានបង្ហាញ និងការងារពាក់ព័ន្ធ។ សន្និបាតនឹងប្រពឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦៕












