ក្រសួងយុត្តិធម៌ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦


(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវលេខ ៣៦៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស, ថ្នាក់ដឹកនាំនៃ អង្គភាពរដ្ឋបាលតុលាការ, ថ្នាក់ដឹកនាំអង្គភាពអាជ្ញាសាលា, តំណាងក្រឡាបញ្ជី ព្រមទាំងតំណាងស្ថាប័នអនុវត្តច្បាប់ ដែលមានការពាក់ព័ន្ធ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ, អគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួនសរុបប្រមាណ ៥០០ រូប។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងាររបស់វិស័យយុត្តិធម៌ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ ក៏ដូចជា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហា ប្រឈមនៅក្នុងវិស័យនេះ ទាំងលើការអនុវត្តច្បាប់ ទាំងលើការបំពេញការងារនៅក្នុងវិស័យយុត្តិធម៌ ព្រមទាំងដាក់ចេញ នូវដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕